ប៉ុស្តិទូរទស្សន៍មួយទាំងមួល មកបង្រៀនពីវិធីខុសច្បាប់?
គិតថាមិនចង់និយាយទេ តែបើមិននិយាយវាមិនកើត យប់នេះបានមើលកម្មវិធី Tech Talk? នៅ MyTV ។ ឃើញពិធីករ និងពិធីការិនី ក្នុងកម្មវិធីនោះសម្ដែងការមិនពេញចិត្តចំពោះការរិះគន់របស់អ្នកទស្សនា ឬអ្នកគាំទ្រ។ ពួកគាត់និយាយថា អ្នកទាំងនោះមិនបានមករិះគន់ក្នុងន័យស្ថាបនានោះទេ តែបែរជាមកស្ដីបន្ទោសអោយពួកគាត់ទៅវិញ ពួកគាត់បន្ថែមថាបែបនេះគាត់មិនអាចទទួលយកបានទេ។ តើអ្នកទស្សនាទាំងនោះបានអ្វីមកវិញដែរ បានជាខំធ្វើបែបនេះ? ចម្លើយគឺគ្មានទេ តែហេតុអ្វីបានជាពួកគាត់ខំនិយាយបែបនេះ ដែលធ្វើអោយពិធីករទាំងនោះមិនសប្បាយចិត្ត ខ្ញុំគិតថាដោយសារពួកគាត់ឃើញភាពមិនត្រឹមត្រូវបានជានិយាយបែបនេះ។ យ៉ាងណាក៏ដោយសូមអោយពិធីករទាំងនោះ ទទួលយកពាក្យរបស់ពួកគាត់ ទៅពិចារណាអោយបានគ្រប់ជ្រុងជ្រោយ ថាហេតុអ្វីបានជាពួកគាត់និយាយបែបនេះ។
និយាយទៅនិយាយមក ខ្ញុំក៏មើលឃើញចំណុចខុសឆ្គងច្រើនដែរ ដែលលេចចេញពីកម្មវិធីនោះ ទន្ទឹមនឹងចំណុចដែលមានប្រយោជន៍។ ខាងក្រោមនេះជាចំណុចមួយចំនួនតូចដែលខ្ញុំសង្កេតឃើញមានបញ្ហា ហើយខ្ញុំគិតថាវាជាចំណុចផ្ដើមដែលធ្វើអោយអ្នកទស្សនា មានភាពមិនពេញចិត្តចំពោះពិធីករទាំងនោះ។
- ខ្ញុំឃើញថាពិធីករម្នាក់ ឈ្មោះតារា(ភ្ញៀវ) ដែលតែងតែមានវត្តមានក្នុងកម្មវិធីជាប្រចាំ ហើយក៏ជាអ្នកផ្ដើមមុនគេ ដែលសម្ដែងការមិនពេញចិត្តចំពោះការរិះគន់ របស់អ្នកទស្សនា។ ពិតណាស់ខ្ញុំក៏បានមើលកម្មវីធីនេះច្រើនដងដែរ ហើយឃើញថាលោកតារានោះគាត់ខិតខំស្រាវមែនទែន? អ្វីក៏គាត់ចេះដែរ ក្នុងវិស័យ IT ទាំង Netwrork, Security, Web Development, Programming និង បច្ចេកវិទ្យាថ្មីៗផ្សេងទៀត រហូតដល់ខ្ញុំអ្នកមើលមិនដឹងថាជំនាញពិតប្រាកដរបស់គាត់មួយណាទេ។ ការបង្ហាញ និងអំណះអំណាង របស់គាត់ ពិបាកយល់ និងមួយចំនួនទៀតវាមិនសមហេតុផលទាល់តែសោះ និយាយអោយខ្លីគឺមិនត្រឹមត្រូវតាមភាពពិតរបស់វា។ ចំណុចនេះខ្ញុំគិតថាគាត់គួរតែគិត និងសិក្សាវាអោយបានច្បាស់ មុននឹងយកមកបង្ហាញទស្សនិកជន។
- ចំណុចធំមួយទៀតនោះ កម្មវិធីរាត្រីនេះ(Tech Talk) បានបង្ហាញពីរបៀប Unlock ទូរស័ព្ទ iPhone ។ ការបង្ហាញចំណេះដឹង ពិតណាស់ ថាវាមានប្រយោជន៍ ប៉ុន្តែក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយមួយទាំងមួល ហើយមានប្រជាជនទស្សនារាប់លាននាក់ ខ្ញុំគិតថាមិនគួរយកចំណេះដឹងបែបនេះមកបង្ហាញជាសាធារណនោះទេ ព្រោះវាជារឿងខុសច្បាប់ ហើយធ្វើអោយប្រទេសយើងអាប់អោនផងដែរ ចំពោះទង្វើបែបនេះ។
នេះជាទស្សន និងមតិរិះគន់របស់ខ្ញុំចំពោះកម្មវិធីនេះ សង្ឃឹមថាពិធីករទាំងនោះនិងអាចទទួលយកបាន។ តែបើគិតថានេះជាការស្ដីបន្ទោស សូមគិតដល់ពាក្យចាស់បុរាណ ចុះទឹកកុំខ្លាចទទឹក ឬ ធ្វើជ្រួកខ្លាចអ្វីទឹកក្ដៅ
26 comments