ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

អក្សរសាស្ត្រ​ខ្មែរ ក្នុង​វិស័យ បច្ចេកវិទ្យា

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​មីនា 29, 2010

បច្ចុប្បន្ន​ភាព ៖ អក្សរសាស្ត្រខ្មែរ​ ក្នុង​វិស័យ​បច្ចេកវិទ្យា មិន​បាន​រីក​ចម្រើន​អ្វី​នោះ​ទេ តែ​បែរ​ជា​ធ្លាក់​ចុះ​ទៅ​វិញ។​ យើង​ពិនិត្យ​ឃើញ​ថា​​មាន​ពាក្យ​ខ្មែរ ប្រហែល​៥ ទៅ១០% តែប៉ុណ្ណោះ​ត្រូវ​បាន​ប្រើប្រាស់ ចំណែក​ជាង ៩០% ទៀង​ជា​ភាសា​​បរទេស​​ ដែល​យើង​យក​មក​សរសេរ​ជា​ភាសាខ្មែរ​តាម​សំឡេង ឬ​រក្សាទុក​ដដែល​។

១. ឧទាហរណ៍ពាក្យខ្លះៗ ជា​ពាក្យ​បរទេស​សរសេរ​តាម​សំឡេង​ជា​ភាសា​ខ្មែរ​​​​ នា​ពេល​បច្ចុប្បន្ន

  • Computer សរសេជាភាសាខ្មែរ  កុំព្យូទ័រ
  • Internet សរសេជាភាសាខ្មែរ អ៊ិនធឺរណែត
  • Website សរសេជាភាសាខ្មែរ វិបសាយ(គេហទំព័រ?)
  • Video Conference សរសេជាភាសាខ្មែរ វីដេអូខនវើហ៍រិន

២. ពាក្យ​បច្ចេកទេស​សម័យ​ដើម​បាន​ប្រែ​មក​ជា​ខ្មែរ

  • Phone ប្រែថា ទូរស័ព្ទ ទូរៈសាប់   សំ.; បា.  ( ន. )  (ទូរ “ឆ្ងាយ” + ឝព្ទ “សំឡេង, សំដី” > ទូរឝព្ទ; ទូរ + សទ្ទ) ប្រដាប់​សម្រាប់​និយាយ​បញ្ចូន​សំឡេង ឆ្លើយ​ឆ្លង​ទៅ​កាន់​ទី​ឆ្ងាយ​បាន : និយាយ​ទូរស័ព្ទ, បាន​ទទួល​ដំណឹង​តាម​ទូរស័ព្ទ ។ ធ្លាប់​ហៅ​មក​ថា ខ្សែ​លួស​ខ្សឹប ប៉ុន្តែ​ត្រូវ​លែង​ប្រើ​ពាក្យ​នេះ​ត​ទៅ​ទៀត ព្រោះ​និយាយ​ឮ​ៗ ពុំ​មែន​ខ្សឹប​ៗ​ទេ ។
  • Train ប្រែថា អយស្ម័យ​យាន (អៈយុ័ស-ស្មៃយាន) ន. យាន​ដែល​លឿន​ដោយ​រឥល​តាម​ផ្លូវ​ដែក (បារ. Chemin de fer) ព. សា. រថភ្លើង, រទេះ​ភ្លើង ។ សម័យ​សង្គម​និយម​ពុទ្ធ​សាសនា​ហៅ រាជាយស្ម័យ​យាន “អយស្ម័យ​យាន​របស់​រាជការ” ឬ “អយស្ម័យ​យាន​របស់​រាជ​រដ្ឋាភិ-បាល” (ប្រើ​ពេញ​ចិត្ត​ចង់​ឲ្យ​ភាសា​ជាតិ​ចម្រើន​ល្អ​គួរ​រៀន​ធ្វើ​ទម្លាប់​មាត់​ហៅ​តាម​នេះ ព្រោះ​មិន​ពិបាក​ថា​ពិបាក​ហៅ​ប៉ុន្មាន​ទេ) ។  អយស្ម័យយាន មក​ពី​ពាក្យ អយស្ម័យ+យានអយស្ម័យ អៈយុ័ស-ស្មៃ   សំ.; បា.  ( ន. )  (អយស្មយ < អយស + មយ ឬ អយោមយ; អយ + មយ < អយោមយ) ដែល​គេ​ធ្វើ​ដោយ​ដែក, ដែល​គេ​យក​ដែក​ធ្វើ, ដែល​ហើយ​ដោយ​ដែក, ដែល​ជា​វិការ​នៃ​ដែក, ដែល​ជា​ដែក : របស់​អយស្ម័យ, កាំបិត​អយស្ម័យ ។  យាន សំ. បា.   ( ន. )  គ្រឿង​ដឹក​នាំ, គ្រឿង​នាំ​បន្ទុក​ទៅ​មក, គ្រឿង​សម្រាប់​ជិះ ដូច​យ៉ាង​រទេះ, រថ, ទូក ជាដើម : ជិះ​យាន, ទៅ​ដោយ​យាន ។ យាន​ជំនិះ យាន​សម្រាប់​ជិះ ។ យានដ្ឋាន (យា-ន័ត-ឋាន) កន្លែង​ដាក់​យាន, កន្លែង​សំចត​យាន ។ យាន​ពាហនៈ ឬ យាន​វាហនៈ (ម. ព. ពាហនៈ) ។ យាន​វិសេស ឬ យាន​ពិសេស យាន​ដែល​ប្លែក​ឬ​យាន ដែល​ទុក​សម្រាប់​ប្រើ​ដោយ​ឡែក​ម្តង​ៗ ។

ឧទាហរណ៍​ទី១ ជា​ការ​សរសេរ​តាម​សំឡេង​នៃពាក្យ​​បរទេស មិនមាន​ការបក​ប្រែ​អោយ​បាន​ត្រឹម​​ត្រូវ​​អី​នោះ​ទេ ហើយ​ការ​សរសេរ​ទៀត​សោត​មិន​មាន​ការ​ឯក​ភាព​គ្នា​នោះ​ទេ មាន​ន័យ​ថាសរសេ​ដូច​ម្ដេច​ក៏​សរសេរ​ទៅ អោយ​តែត្រូវតាម​សំឡេង​អាន​។ ​តែ​បើ​យើង​ក្រឡេក​​មក​មើល​​អតីត​កាល​វិញ​ម្ដង(ឧទាហរណ៍​ទី​២ តាម​វចនានុក្រម​ សម្ដេច​ ជួន ណាត​)  ចំពោះ​ពាក្យ​បច្ចេកវិទ្យា​ពេល​នោះ​​ គឺ​មានការ​បកប្រែ​មក​ជា​​ភាសា​ខ្មែរ​ច្បាស់​លាស់​​ និង​មាន​មូលដ្ឋាន​​​គ្រឹះ​យ៉ាង​ត្រឹម​ត្រូវ។

អនាគត៖ បើ​មិន​មាន​ការ​កែប្រែ​ ឬក៏​កែសម្រួល​អោយ​បាន​ត្រឹម​ត្រូវ​ទេ​ អនាគត​ទៅ​នឹង​​មាន​បញ្ហា​​អក្សរ​សាស្ត្រ​ ខាង​ពាក្យ​​បច្ចេកទេស ក្នុង​វិស័យ​​បច្ចេកវិទ្យា​នេះ​ជា​មិន​ខាន។ ព្រោះ​ការ​សរសេរ​បែប​បច្ចុន្បន្ន​នេះ ​រក​មូលដ្ឋាន​​អោយ​បាន​ត្រឹម​គ្មាន​ទេ អញ្ចឹង​ទៅ​អនាគត​កូន​ចៅ​​ជំនាន់​ក្រោយ​នឹង​ស្ដី​បន្ទោស​យើង​ ហើយ​កំហុស​ឆ្គង​ទាំងនោះ​ពួក​គេ​នឹង​លើក​មក​ដាក់​អោយ​យើង។

បញ្ចប់​សេចក្ដី ស្ថានការណ៍​ចំពោះ​មុខ​បែប​នេះ​យើង​មិន​ត្រូវ​រុញ​ច្រាន​អ្នក​នរណា​ម្នាក់​នោះ​ទេ​ គឺ​យើង​​ទាំង​អស់​គ្នា​នេះ​ហើយ​​​ដែល​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នេះ​ ជាពិសេស​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ដូច​ជា​ក្រសួង​អប់រំ​យុវជន​ និង​កីឡា រាជ​បណ្ឌិត្យ​សភា​កម្ពុជា និង​វិទ្យាស្ថាន​​ពុទ្ធ​សាសន​បណ្ឌិត្យ ដែល​ជា​ស្ថាប័ន​សំខាន់៕

Advertisements

41 ចំលើយ

Subscribe to comments with RSS.

  1. សុភ័ក្ត្រ said, on ខែ​មីនា 29, 2010 at 12:33 ល្ងាច

    បញ្ហា​នេះ​ពិបាក​បន្ទោស​ណាស់ ដ្បិត​បច្ចុប្បន្ន​នេះ​មិន​ដូច​សម័យ​ដើម​ទេ គឺ​បច្ចេក​វិជ្ជា ដើរ​លឿន​ណាស់ វា​ចេញ​របស់​ថ្មី​ៗ​មក​ច្រើន ហើយ​អ្នក​ល្មម​ៗ​ក្នុង​សង្គម​អាច​ចាប់​យក​បាន​ដោយ​ឯង​ៗ​មិន​បាច់​ឆ្លង​តាម​រដ្ឋទេ វា​ខុស​ពី​សម័យ​មុន។

  2. ជីវិតអមតៈ said, on ខែ​មីនា 29, 2010 at 2:26 ល្ងាច

    ចាំបាច់គិតគូរបង្កើតពាក្យខ្មែរថ្មីដោយខ្លួនឯងធើអី នាំតែខាតពេលវេលាហ្នឹង!
    សរសេរតាមសំនៀងបរទេះទៅវាស្រួលយល់ផង ហើយអាណាសរសេរយ៉ាងម៉ិចក៏សរសេរទៅ
    ឲ្យតែអ្នកដទៃយល់ទៅបានហើយណា… សូមកុំទៅរំខានអស់លោកធំៗខាង​ក្រសួង​អប់រំ​យុវជន​ និង​កីឡា រាជ​បណ្ឌិត្យ​សភា​កម្ពុជា និង​វិទ្យាស្ថាន​​ពុទ្ធ​សាសន​បណ្ឌិត្យធើអី . . .

  3. ជីវិតអមតៈ said, on ខែ​មីនា 29, 2010 at 2:33 ល្ងាច

    សុំទោសមិនមែនអាណាទេ សូមកែថាអ្នកណាសរសេរយ៉ាងម៉ិចក៏សរសេរទៅ…

  4. kooms said, on ខែ​មីនា 29, 2010 at 2:36 ល្ងាច

    ហាហាហា! អញ្ចឹង​ពួក​មិន​ស្រួល​អស់​ហើយ​ទេ?

  5. វិចិត្រ said, on ខែ​មីនា 29, 2010 at 2:43 ល្ងាច

    website មិន​ប្រហែល​មិន​ត្រូវនឹងគេហទំព័រទេ
    Homepage : គេហទំព័រ?
    Frontpage: ..?

    បញ្ហា​ធំ​ក្នុងការមិន​ឯកភាព​គ្នា​នោះ​គឺ ម្នាក់​ៗ​បង្កើត​ពាក្យ​ដោយ​ខ្លួន​ឯង។ ក បង្កើតពាក្យ កុំព្យូទ័រ ខ បង្កើតពាក្យ ខំព្យូរើ … ។

    យើង​ឃើញ​ថា គ្មាន​ក្បួន​ខ្នាត​ច្បាស់​លាស់។ តាម​ពិត​ទៅ យើង​សាកល្បង​គិត ទៅមើល តើ​ដាក់​ឈ្មោះ​វត្ថុអ្វីមួយ ចាំបាច់​មាន​ក្បួន​ខ្នាត​ដែរ រឺទេ? ឧទាហរណ៍ ពាក្យ តុ ។ តើយើង​ទៅ​ថា ឈ្មោះ​ហ្នឹងខុស​យ៉ាងម៉េច? គ្មាន​ក្បួន​ខ្នាត​យ៉ាងម៉េច? តើ​ត្រូវ​ហៅ​ថា ចតុប្បាទសង្ហារឹម បាន​ត្រូវ​រឺ?

    ពាក្យ​ស៊ីម៉ង់ត៍។ បើ​យើង​ដាក់​ឈ្មោះ​វា​ស៊ីម៉ង់ត៍ គឺនរណា​ហ៊ាន​ទៅ​អះអាង​ថា ដាក់​អញ្ចឹង​ខុស? គ្មាន​ក្បួន​ខ្នាត។

    ដូច្នេះ​ដើម្បី​អោយ​ឯកភាពគ្នា គឺគ្រាន់​តែនាំ​គ្នាសរសេរតាម​នរណា​ម្នាក់​ ជា​ការស្រេច។ នរណាម្នាក់​នោះ​គឺ ក្រុមបណ្ឌិតសភា រឺ​អ្នក​និពន្ធល្បី​ល្បាញ​ណាម្នាក់។

  6. វិចិត្រ said, on ខែ​មីនា 29, 2010 at 2:52 ល្ងាច

    ពួក​អ្នក​ខាង​អក្សរសាស្ត្រខ្លះ អាច​និយាយ​ប្រាប់ kooms ឯងថា ពួក​បច្ចេកទេស​មិន​ចេះ​បក​ពាក្យ ចេះ​តែប្រើពាក្យគេ។ល។
    បើ​លឺគាត់​និយាយ​អញ្ចឹង kooms ឯងប្រាប់​គាត់​វិញ​ថា ចុះពួកខាង​សាសនា​អីហ្នុង បក​បាន​អីខ្លះ? បុណ្យ បាប ទាន ធម៌ ធម្ម …. សុទ្ធតែពាក្យគេ​ទាំង​អស់ មាន​បក​ជា​ខ្មែរ​ឯណា? ចំលង​គេ​ទាំង​ដុល​មក គ្មាន​បាត់​មួយតួ។

  7. kooms said, on ខែ​មីនា 29, 2010 at 3:06 ល្ងាច

    ខ្ញុំ​គិត​ថា​ការ​បង្កើត​ពាក្យ​ថ្មី​ គួរតែ​ជា​តួនាទី​របស់​អ្នក​អក្សរសាស្ត្រ​ ចំណែក​អ្នក​អក្សរ​សាស្ត្រ​ស្រុក​យើង​​បច្ចុប្បន្ន​ មិន​មាន​នរណា​ចេញ​មុខ​មក​បក​ស្រាយ​ ឫក៏​បង្កើត​ពាក្យ​ទាំង​នោះ​ទេ។ គឺ​ខុស​ពី​សម័យ​មុន​មាន​សម្ដេច​សង្ឃរាជ​​ ជួន ណាត​ គាត​បាន​បង្កើត​ពាក្យ​មួយ​ចំនួន​ដូច​មាន​ឧទាហរណ៍​ខាង​លើ។

    • សុភា said, on ខែ​មីនា 30, 2010 at 4:19 ល្ងាច

      ត្រូវមានទាំងពីណឹង ​អ្នក​អក្សរសាស និង ​អ្នក​បច្ចេកទេស។ បើមិនចឹងទេ អ្នក​អក្សរសាសច្បាស់ជាបកពាក្យតាមពាក្យមិនខានទេ

      • kooms said, on ខែ​មីនា 30, 2010 at 5:24 ល្ងាច

        តាម​ឧទាហរណ៍​ខ្ញុំ​បង្ហាញ​ខាង​លើ​ពី​វចនានុក្រម​សម្តេច​ជួន​ ណាត ឃើញ​ថា​ព្រះ​អង្គ​មិន​ប្រែ​តាម​ពាក្យ​របរទេស​ទេ​គឺ​ប្រែ​តាម​ធាតុពិត​នៃ​វត្ថុមួយ ដូច​ជា​ទូរស័ព្ទ​ជាដើម។

        • សុភា said, on ខែ​មីនា 30, 2010 at 6:34 ល្ងាច

          ក៏ព្រោះតែគាត់បានយល់ច្បាស់អំពីរបស់ដែលគាត់ចង់ប្រែ មិនមែនប្រែទេ គឺគាត់បានដាក់ឈ្មោះអោយរបស់នោះ។ ហើយក៏ប្រហែលជាគាត់មានការស្រាវជ្រាវលើបច្ចេកទេសណឹងដែរ មុននឹងដាក់ឈ្មោះអោយបានស្រមស្របទៅតាមបច្ចេកវិទ្យា។

        • វិចិត្រ said, on ខែ​មីនា 30, 2010 at 7:24 ល្ងាច

          តាម​ពិតទៅ ហៅ​ថាទូរសព្ទ រឺ តេឡេហ្វូន គឺប្រែតាមធាតុពិតដូចតែគ្នា​ហ្នឹង 😀
          ទូរៈ (បាលី)= តេឡេ =télé (ក្រិច)
          សព្ទ (បាលី)= ហ្វូន=phone (ក្រិច)

          ឧទាហរណ៍មួយ​ទៀត
          Homepage vs ហូមភេច vs គេហទំព័រ
          គេហៈ (បាលី) = Home =ហូម (អង៉គ្លេស)
          ទំព័រ (ខ្មែរ) = Page =ភេច (អង៉គ្លេស)

          តើ​ពីរនេះ​ខុសគ្នា​យ៉ាងម៉េច​ខ្លះ?
          យើងមានពាក្យ ទូរៈ សព្ទ គេហៈ ទំព័រ ក្នុងភាសាខ្មែរ​រួចមក​ហើយ តើ​ចាំ​បាច់​ទៅយក ពាក្យ Télé, phone, Home, Page របស់​គេ​មក​ធ្វើ​អ្វីទៀត?
          នេះ​ជាចំនុចខ្លាំង ដែល​គេ​ប្រើពាក្យបាលី ពាក្យសំស្ក្រឹត សំរាប់បកប្រែពាក្យបរទេស​ក្នុងភាសា​ខ្មែរ។

          ប៉ុន្តែ បើការប្រើពាក្យបាលី ពាក្យសំស្ក្រឹត សំរាប់បកប្រែពាក្យបរទេសនេះ បង្កើតបាន​ជា​ពាក្យ​ពិបាក​សរសេរ ហើយគ្មាននរណា​ស្គាល់​ដដែល​ គួរតែប្រើ​ពាក្យគេ​ផ្ទាល់តែម្ដងវិញ (ជួនណាត និង កេងវ៉ាន់សាក់)។

  8. វិចិត្រ said, on ខែ​មីនា 29, 2010 at 7:52 ល្ងាច

    យើង​អ្នក​បច្ចេកទេស បង្កើត​ក៏បានដែរ តែគ្មាន​នរណា​ទទួល​ស្គាល់​ដដែល​ហ្នឹង 😀

    • kooms said, on ខែ​មីនា 30, 2010 at 8:23 ព្រឹក

      មែន​ហើយ​លោក​គ្រួ ហើយ​រាល់​ថ្ងៃ​នេះ​យើង​កំពុង​តែ​បង្កើត​ខ្លួន​ឯង​ហើយ​ប្រើ​ខ្លួន​ឯង បើ​ចាំ​​អ្នក​អក្សរ​សាស្ដ្រ​ ឬ​ស្ថាប័ន​រដ្ឋ​ទាល់តែ​យួរ ហើយវែង​​ហ្មង់!

      • វិចិត្រ said, on ខែ​មីនា 30, 2010 at 3:32 ល្ងាច

        បើ​ខ្ញុំ​វិញ ខ្ញុំ​អត់​ធ្វើ​ដូចkooms ឯងទេ។

        បើពាក្យណា​គេ​និយាយ​អញ្ចឹងគ្រប់​គ្នា គ្រប់​មាត់​ហើយ ខ្ញុំ​សរសេរតាម​ហ្នឹង។ ឧទាហរណ៍ គេ​និយាយ វ៉ិបសាយ វែបសាយ អ៊ិនធឹនែត ។ល។ ខ្ញុំ​សរសេរតាមគេដែរ មិន​ចាំបាច់​ទៅ​បក​ថា គេហទំព័រ (បក​អញ្ចឹងសង្ស័យតែខុស​ទៀត) អន្តរបណ្ដាញ អន្តរជាល អីទេ។

        សំនេរ​ពិនិត្យ​មើល​ភាគ​ច្រើន​គេ​សរសេរយ៉ាងម៉េច ខ្ញុំ​សរសេរតាម​ហ្នឹងដែរ។

        តែត្រូវមានហេតុផលខ្លះដែរ។ ដូចអ្នក​ខ្លះ សរសេរemail ថា អ៊ីមែវល៍ អ៊ីម៉ែល អ៊ីម៉េល អាហ្នឹង​ខ្ញុំ​លុប ៉ ចេញ​ហើយ​ទុក​តែ អ៊ីមែល ប៉ុននេះ​ទេ។

        ហេតុអ្វីការបង្កើតពាក្យថ្មីចំពោះខ្ញុំ មានបញ្ហា? បញ្ហាសំខាន់​គឺមាន​តែ​យើងប៉ុណ្ណោះ​ដែល​យល់​ពាក្យដែល​យើងបង្កើត។

        តែក៏មាន​របៀបបង្កើតពាក្យថ្មីដើម្បី​អោយអ្នកអាន​គេ​អានយល់បាន​ដែរ។ ដូចជា បើ​យើងបក​ថា ​Internet ស្មើនឹង អន្តរបណ្ដាញ យើងត្រូវ​ដាក់​កំនត់សំគាល់​ត្រង់​ណាមួយ​នៃ​អត្ថបទ​ដដែល ថា ពាក្យនេះស្មើនឹង internet។ បើ​សៀវភៅ​យើង​ល្បី នោះ​គេ​នឹង​ទទួល​ស្គាល់​ពាក្យ អន្តរបណ្ដាញ​ នេះ។

  9. Samady KS said, on ខែ​មីនា 30, 2010 at 7:32 ព្រឹក

    មិន​មែន​គ្រាន់​តែ ពាក្យ​ថ្មី​ៗ​ប៉ុណ្ណោះ​ទេ តែ សូម្បី​ពាក្យ​ខ្មែរ​ដែល​មាន​ស្រាប់​ៗ ក៏​ប្រើ​មិន​បាន​ត្រឹម​ត្រូវ​ត្រូវ​ដែរ ដូច​ជា​ពាក្យ​ថា រក​ភ្ញៀវ បែរ​ជា​នាំ​គ្នា​និយាយ​ថា រក​ម៉ូយ (​ពាក្យ​យួន​សុទ្ធ​សាធ)។ ណាមួយ​ទៀត​គឺ​ការ​ប្រើ​ប្រាស់​អក្សរ​ខ្មែរ ការ​សរសេរ​អក្ខរា​វិរុទ្ធ​ខ្មែរ​ក៏​មិន​បាន​ឯកភាព​គ្នា​ច្បាស់​លាស់​ដែរ។ ជួន​ពេល​ខ្លះ​ខ្ញុំ​សរសេរ​​ឯកសារ​​​ដោយ​ប្រើ​ព្យាង្គ​តម្រួត ប៉ុន្តែ​​បែ​ជា បុគ្គលិក​កន្លែង​ធ្វើ​ការ​របស់​ខ្ញុំ​មិន​ព្រម​ឯកភាព​ជាមួយ​ខ្ញុំ​ឡើយ ពេល​ខ្លះ​ខ្ញុំ​សរសេរ​ព្យាង្គ​រាយ ក៏​ត្រូវ​គេ​កែ​ប្រែ​ទៅ​ជា​ព្យាង្គ​តម្រួត​វិញ​ដែរ ខ្ញុំ​មិន​ដឹង​ថា មួយ​ណា​ប្រាកដ មួយ​ណា​ត្រូវ​ឡើយ ព្រោះ​សម្ពាធ​​​ខាង​ក្រៅ​តែង​តែ​ប្រែ​ប្រួល​បែប​នេះ តែ រហូត​សម្រាប់​ខ្ញុំ​។

  10. kooms said, on ខែ​មីនា 30, 2010 at 8:24 ព្រឹក

    ឌី មិន​យក​វចនានុក្រម​​របស់​សម្ដេច​មក​ផ្ទៀង​ផ្តាត់

  11. វិចិត្រ said, on ខែ​មីនា 30, 2010 at 3:33 ល្ងាច

    មែន​តើ ម៉េច​ក៏សាមឺឌី​ឯងមិន​យក​វចនានុក្រម​មក​ផ្ទៀងផ្ទាត់?

  12. សុភា said, on ខែ​មីនា 30, 2010 at 4:14 ល្ងាច

    សំរាប់ខ្ញុំ គឺចាំតែប្រើទេ ដាក់យ៉ាងម៉េចក៏ស្រេចចិត្តតែសុំមានស្តង់ដារមួយ ដែលគ្រប់គ្នាប្រើប្រាស់ដូចគ្នា។ តែខ្ញុំភ័យតែម្យ៉ាងទេ គឺបើនៅតែប្រើភាសារបរទេសច្រើនហួសហេតុពេក ថ្ងៃណាមួយ ជនជាតិខ្មែរនិយាយបីមាត់និងមានភាសារបរទេសពីរមាត់មិនខានទេ ដូចជនជាតិមួយចំនួនផ្សេងទៀតចឹងដែរ។ ខ្ញុំសុំតែប្រើភាសាខ្មែរសិន មុននឹងយកភាសារគេមកជំនួស។ បើសិនជាក្រសួងពាក់ពាន់គិតគួរតែបន្តិចទៅ ហើយគ្រប់គ្នាព្រមទទូលយក យើងនឹងមានរបស់ស្តង់ដារមួយហើយ។ បើគេចេញមកថា Homepage ប្រែថាគេហទំព័រ ហើយគ្រប់គ្នាព្រមទទូលយកតាមណឹង វារួចស្រេចបាច់ហើយ។ យើងមិនចាំបាច់ថាទាល់តែពាក្យណឹង Perfect ដូចពាក្យដើមបរទេសទេ។

  13. ក្មេងទំនើង said, on ខែ​មីនា 30, 2010 at 9:17 ល្ងាច

    សុំនិយាយប៉ុន្មានម៉ាត់ដែរ
    គឺថា ដើម្បី ដើម្បី គឺថា ^_^
    ខ្ញុំមិនដឹងនិយាយអីទេ ព្រោះអត់សូវដឹងរឿង តែចង់និយាយថា ថ្ងៃមុន បើកវចនានុក្រម សម្តេច ជួន ណាត ក៏ជក់ចិត្តយ៉ាងខ្លាំង ព្រោះមានពាក្យជាច្រើន ដែលមិនធ្លាប់បានឃើញពីមុនមក។ ហើយក៏ឃើញពាក្យជាច្រើន ដែលមនុស្សយកមកប្រើ និង សរសេរខុស។ ខ្ញុំលឺគេថា ឥឡូវមានច្បាប់ឲ្យប្រើ តាមលំនាំសម្តេច ជួន ណាត។ មិនដឹងជាមែនឬអត់ទេ? ហើយក៏មិនដឹងថា គេនិយាយ គេធ្វើ ឬ យើងធ្វើណ៎? ^_^ (សុំទោសណា បើសិនជាខុសឆ្គង)

  14. ហនុមាន said, on ខែ​មីនា 30, 2010 at 11:04 ល្ងាច

    នេះជាយោបល់ខ្ញុំរ៉េ បើមិនតាមគេ កូនខ្មែរខ្លះ នៅបរទេស អត់ចេះខ្មែរផងហ្នឹង លេង សុទ្ធតែខ្មែរពាក់កណ្តាល អង្លេសពាក់កណ្តាល ស្តាប់ចង់ឆ្កួត ! លេងសុទ្ធតែ youឯង មី(me) ឧទាហរណ៍ ដូចជា youឯងចង់eatមីរ៉េ ? me អត់ដឹងថាyouឯងចង់បានផង ? ពិរោះដល់កតាហ្មង​ជាពិសេស នៅពេលក្មេងស្រីៗ គេនិយាយរក មិត្តភ័ក្រ របស់គេ ឬ ក៏ សង្សា របស់គេ ។ ជួនកាលខ្ញុំចង់តែស្ទុះទៅច្របាច់ក អោយ die តាហ្មង ! 😀

    • kooms said, on ខែ​មីនា 31, 2010 at 8:15 ព្រឹក

      😆 អាន​ហើយ​ខ្ញុំ​អង្គុយ​អត់សំណើច​ម្នាក់​ឯង

      • ហនុមាន said, on ខែ​មីនា 31, 2010 at 9:35 ល្ងាច

        ថាខ្ញុំនិយាយហ្នឹងត្រូវឬ ខុស ? មើលតែពួកវាទៅលេងស្រុកខ្មែរ ដឹង ហើយ ខ្មែរម៉ាកំណាត់ អង្លេស ម៉ាកំណាត់ ឆ្កួតតាហ្មង ក្មេងៗ 😀

    • សុភ័ក្ត្រ said, on ខែ​មីនា 31, 2010 at 5:39 ល្ងាច

      ហនុមាន​ឯង​នឹង​អ្នក​នាំ​អាទិ៍

      • ហនុមាន said, on ខែ​មីនា 31, 2010 at 9:34 ល្ងាច

        ចាស់មែនតែ មិនមែនចាស់ព្រើលឯណា សុភ័ក្រ ? ខ្ញុំអត់អាចជួយបានរ៉េ ក្មេងៗ អស់ហ្នឹង 😀

        • វិចិត្រ said, on ខែ​មេសា 1, 2010 at 12:23 ព្រឹក

          និយាយ​ពី​ភាសា​របស់ខ្មែរ​នៅ​បរទេស​ មាន​ក្មេង​ជំទង់​ខ្មែរម្នាក់​នៅ​បែល​ស៊ិច គាត់​ចេះ​ខ្មែរ​តិចៗ។ គាត់បក​ពាក្យ Tu របស់បារាំងមក​ខ្មែរថា ហ្អែង។ ពួយ​ហៅ​បងៗ​ទៅ​ពី​ស្រុក​ខ្មែរ​ទៅ សុទ្ធតែ​ ហ្អែងៗ។ ញាក់សាច់​ទទ្រើត!! 😀

    • Admin said, on ខែ​មេសា 1, 2010 at 6:50 ព្រឹក

      យុវជន​នៅ​ស្រុកខ្មែរ​មួយចំនួនក៏និយាយអញ្ចឹងដែរបង។ ស្តាប់ទៅវាគួរអោយ​ចង់សើច តែ​ក៏គួរអោយ​ខឹងដែរ។ បើ​និយាយខ្មែរ​អោយ​​ចំជា​ខ្មែរ។ តែបើនិយាយលាយភាសាអង់គ្លេសជា​ពាក្យបច្ចេកទេសខ្ញុំមិនថា​អីនោះទេ។

  15. មេឃា said, on ខែ​មីនា 31, 2010 at 11:57 ព្រឹក

    ខ្ញុំធ្លាប់បានតាមដានព័ត៌មានទាក់ទងនឹងការអភិវឌ្ឍអក្សរសាស្រ្តខ្មែរហ្នឹងដែរ…
    បញ្ហាសំខាន់បំផុត គឺម្នាក់ៗសុទ្ធតែគិតថា គំនិតខ្លួនឯង តែងតែត្រឹមត្រូវ…
    មិនទទួលយកគំនិតឯករាជ្យ ឬភាពសមហេតុផលបំផុតទេ…

    បើតាមខ្ញុំដឹង… ភាសាអង់គ្លេសក៏បានអភិវឌ្ឍជារៀងរាល់ឆ្នាំដែរ… គឺមានពាក្យថ្មី ហើយបច្ចេកទេស មកបន្ថែមទំព័រលើវចនានុក្រម… ប្រសិទ្ធិភាព និងការទទួលស្គាល់ជាផ្លូវការ ត្រូវធ្លាក់លើនាយកដ្ឋានអប់រំ ដែលមានមុខងារសំខាន់ក្នុងការផ្សព្វផ្សាយ…

    ចុះចំណែកប្រទេសកម្ពុជាវិញ…​?

    • kooms said, on ខែ​មីនា 31, 2010 at 12:00 ល្ងាច

      ប្រទេស​កម្ពុជា​វិញ ប៉ុន្មាន​ឆ្នាំនេះ​មិន​ពាក្យ​ត្រូវ​បន្ថែម​ឫបង្កើត​ថ្មី​ទេ

  16. sayphirun said, on ខែ​មីនា 31, 2010 at 5:07 ល្ងាច

    ខ្ញុំសូមចូលរួមយោបលបន្តិចផង ខ្ញុំគិតថា​ ជាដំបួងយើងអស់គ្នាគួរសរសេរអក្ខរាវិរុទ្ធ​ខែ្មរធម្មតាមានន័យថាមិនជាពាក្យបច្ចេកទេស គឺត្រូវសរសេរតាមវិចនានុក្រមសម្តេចសង្ឍ ជួន​ ណាត ទៅ ដើម្បីឲមានស្តងដា (ពាក្យបារាំង)​ សិនទៅ ហើយក៏គិតថា វាមានលក្ខណៈត្រឹមត្រូវផងដែរ​ ដោយ​ការសរសេរមានផ្នតត្រឹមត្រូវដូចជាៈ

    ជំរុញ មកពាក្យ រុញ
    មិនមែនសរសេរ ជម្រុញ ទេ ព្រោះ ជម្រុញ មកពីពាក្យជ្រុញ
    ការសរសេរព្យាង្គតម្រួតក៏មិនចេះតែសរសេរដែរ។
    ខ្ញុំមានយោបល់ប៉ុណឹងចុះ!

    • ហនុមាន said, on ខែ​មេសា 1, 2010 at 8:34 ល្ងាច

      និយាយឲ្យចំគឺពួកអ្នក ប្រឌិត ចំរៀង ការ៉ាអូកីតាហ្មង ពួកហ្នឹងសសេរគ្មានដឹងក្បាលដឹងកន្ទុយអីរ៉េ បើនិយាយពីប្រកប ចេញតាំងកូនក្មេងរៀននៅថ្នាក់ ១ក ផង 😀

  17. Admin said, on ខែ​មេសា 1, 2010 at 7:25 ព្រឹក

    សួស្តី Kooms! វា​ជា​ការប្រពៃណាស់ដែល​បានលើកយកបញ្ហាដែល​ទាក់ទងនឹងការមិន​ឯកភាពគ្នាក្នុងការប្រើប្រាស់​ភាសាខ្មែរ​នៅ​ក្នុងវិស័យបច្ចេកវិទ្យា។ ជាអ្នកបកប្រែម្នាក់ ខ្ញុំមានការចាប់អារម្មណ៍​ចំពោះ​ការ​ប្រើប្រាស់​ការអភិរក្ស និង​អភិវឌ្ឍន៍ពាក្យខ្មែរ។ ជាការពិតភាសានីមួយៗតែងតែទទួលឥទ្ធិពល ឬខ្ចីពាក្យពី​ភាសាដទៃ​នៅ​ពេល​ដែល​វប្បធម៌​របស់គេទទួលរង​ឥទ្ធិពលពីវប្បធម៌ដទៃ ឬនៅពេលដែល​ពាក្យពេចន៍ថ្មីៗទាំងនោះ​មិន​ធ្លាប់​មាន​នៅ​ក្នុង​មូលដ្ឋានគ្រឹះ​នៃ​វប្បធម៌របស់ខ្លួន។

    តាម​ពិត​ KhmerOS បានចងក្រង​សន្ទានុក្រម​កុំព្យូទ័រ​អង់គ្លេស ខ្មែរ។ ប្រសិនបើ​អ្នកមិន​ទាន់មាន​ អ្នកអាចដោនឡូត​បាន​ពី ​http://www.cambosastra.org/?p=962. ចំពោះពាក្យ​ណាដែល​មិន​មាន​នៅ​ក្នុង​សន្ទានុក្រម​នេះ​ ឬអ្នកទាំងអស់គ្នាមិន​យល់ស្រប ខ្ញុំគិត​ថា​ម្នាក់ៗ​អាច​ស្នើជា​”ពាក្យ” និង​របៀបសរសេរ ព្រមទាំងសេចក្តីពន្យល់របស់​ពាក្យផងដែរ ដូច្នេះយើង​ទាំងអស់គ្នា​អាច​បញ្ចេញ​យោបល់ថា​តើវា​អាច​ទទួល​​យក ​ឬ​ត្រូវ​កែប្រែ។ ខ្ញុំគិតថាចុងក្រោយ​យើង​នឹងទទួលបាន​កម្រង​ពាក្យ​បច្ចេកទេស​មួយ​ដែល​ពួកយើង​ភាគច្រើន​មាន​ការឯកភាព​គ្នា​ក្នុង​ការប្រើប្រាស់ ដែល​វា​នឹងក្លាយ​ជា​បទដ្ឋាន (ស្តង់ដារ)​ មួយដូចជាអ្វី​ដែល​សុភាបាន​សួរពីខាងដើម។ 

    ខ្ញុំគិតថាយើង​គួរតែខិតខំធ្វើអ្វី​ ដែល​យើង​អាចធ្វើបាន​ ដោយ​យើង​មិន​ត្រូវរងចាំអោយ​អ្នកដទៃធ្វើកិច្ចការនោះ​ឡើយ។ ការផ្លាស់ប្តូរ​និង​ការអភិវឌ្ឍផ្តើមចេញពី​យើង​ម្នាក់ៗ។ 

    • ហនុមាន said, on ខែ​មេសា 1, 2010 at 8:38 ល្ងាច

      បើតាមខ្ញុំយល់ ពួក ខ្មែរអូអេស គួតែសម្រាយពាក្យ ដែលមហាជនអាចយល់បាន មិនត្រឹមតែពួកឯកទេស ខាង កំព្យូទ័រ គឺសំរាប់អ្នកស្រែ ជនបទ ផងដែរ នោះទើបប្រសើរ មែនរ៉េ ?

  18. vutha said, on ខែ​មេសា 1, 2010 at 5:10 ល្ងាច

    Today is the high-tech era so we all should try to learn and gain new knowledge of technology as what u said above. I observed that someone said that they do not know how to use internet such as email, in fact, they do not try to learn it. No one know it without learning.

    • ហនុមាន said, on ខែ​មេសា 1, 2010 at 8:43 ល្ងាច

      Agreed. it’s not that they don’t want to learn.It’s the motivation,the complication,that these tech jargon got them scared. We need a new method set it easy, more enjoyable, to see and learn.It’s not the subject(agenda) it’s the teacher(technique,creativity, make learning more enjoyable) that make it more appealing and interesting to students.

  19. ច័ន្ទរឿន said, on ខែ​មេសា 8, 2010 at 7:24 ព្រឹក

    ការពិភាក្សាគ្នាជាការល្អ ប៉ុន្តែបើយើង​ទាំងអស់គ្នាចូលរួមលើកជាគំរោង​ក្នុងការចងក្រង​ពាក្យបច្ចេកទេសទាំងអស់នេះ​​ខ្ញុំគិតថា​វារឹតតែប្រពៃ។

    • kooms said, on ខែ​មេសា 8, 2010 at 8:11 ព្រឹក

      ខ្ញុំ​មាន​គំនិត​អញ្ចឹង​ដែរ តែ​ឥឡូវ​មិន​ទាន់​មាន​ពេល។

  20. ច័ន្ទរឿន said, on ខែ​មេសា 9, 2010 at 8:13 ព្រឹក

    ជាអ្នកបកប្រែម្នាក់ ខ្ញុំមានការចាប់អារម្មណ៍ចំពោះការចងក្រង​សន្ទានុក្រម និង​វចនានុក្រម។ បច្ចុប្បន្ន ខ្ញុំ​កំពុង​តែចង​ក្រង​វចនានុក្រមបច្ចេកទេស អង់គ្លេស-ខ្មែរ។​ ខ្ញុំស្វាគមន៍ជានិច្ចប្រសិន​បើបងប្អូនណាចង់ចូលរួម ឬផ្ញើពាក្យបច្ចេកទេស​ណាបងប្អូនចាប់អារម្មណ៍។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: